ហេតុអ្វីឥឡូវខុសឆ្ងាយពីមុន
ទុក្ខធ្ងន់សែនធ្ងន់រែកពុនម្នាក់
រឿងរ៉ាវថ្មីចាស់ធ្វើឱយចំបែង
តើឱយខ្ញុំថ្លែងទុក្ខប្រាប់អ្នកណា។
សំណើចក្អាកក្អាយដើរលេងឆ្ងាយជិត
មិនដែលចេះគិតរឿងទុក្ខសោកា
មិនដែលចេះព្រួយមិនមានបញ្ហា
ជួបជុំគ្រួសារមូរមីមិត្តភ័ក្ត្រ។
ឱ!ព្រហ្មលិខិតលោកគ្មានមេត្តា
ឆក់យកសុខាពីខ្ញុំតែម្នាក់
អស់ទំនុកចិត្តអស់ភាពជឿជាក់
ចុងក្រោយត្រូវធ្លាក់ក្នុងរណ្តៅទុក្ខ។
ប៉ាស្លាប់បងស្លាប់ចុកចាប់ពេកក្រៃ
រស់នៅរាល់ថ្ងៃមិនដែលបានសុខ
គ្រួសារធ្លាប់ជុំធ្លាប់តែជួបមុខ
សុខសុខបែកគ្នាអស់មួយជីវិត។
បំណងប្រាថ្នាក៏បរាជ័យ
ទោះធ្វើអ្វីៗមិនបានដូចចិត្ត
វាជាវាសនាឬព្រហ្មលិខិត
ដែលបានកំរិតជីវិតថោកទាប។
ស្រឡាញ់មនុស្សម្នាក់ក៏សែនពិបាក
ចិត្តនេះកំសាកមិនហានសារភាព
គេស្អាតហើយឆ្លាតថែមទាំងមានទៀត
ខ្ញុំគ្មានអ្វីប្រៀបនឹងគេបានឡើយ។
ណ្ហើយចុះទ្រាំទៅទ្រាំតាមវាសនា
ថ្ងៃមួយជឿថានឹងបានធូរស្បើយ
មេឃគង់ស្រលះពេលភ្លៀងរួចហើយ
អស់ឱព្រះអើយ!នេះឬជីវិត?