Friday, February 20, 2009

នេះឫជីវិត

ហេតុអ្វីឥឡូវខុសឆ្ងាយពីមុន

ទុក្ខធ្ងន់សែនធ្ងន់រែកពុនម្នាក់

រឿងរ៉ាវថ្មីចាស់ធ្វើឱយចំបែង

តើឱយខ្ញុំថ្លែងទុក្ខប្រាប់អ្នកណា​។


សំណើចក្អាកក្អាយដើរលេងឆ្ងាយជិត

មិនដែលចេះគិតរឿងទុក្ខសោកា

មិនដែលចេះព្រួយមិនមានបញ្ហា

ជួបជុំគ្រួសារមូរមីមិត្តភ័ក្ត្រ​។


ឱ!ព្រហ្មលិខិតលោកគ្មានមេត្តា

ឆក់យកសុខាពីខ្ញុំតែម្នាក់

អស់ទំនុកចិត្តអស់ភាពជឿជាក់

ចុងក្រោយត្រូវធ្លាក់ក្នុងរណ្តៅទុក្ខ​។


ប៉ាស្លាប់បងស្លាប់ចុកចាប់ពេកក្រៃ

រស់នៅរាល់ថ្ងៃមិនដែលបានសុខ

គ្រួសារធ្លាប់ជុំធ្លាប់តែជួបមុខ

សុខសុខបែកគ្នាអស់មួយជីវិត​​។


បំណងប្រាថ្នាក៏បរាជ័យ

ទោះធ្វើអ្វីៗមិនបានដូចចិត្ត

វាជាវាសនាឬព្រហ្មលិខិត

ដែលបានកំរិតជីវិតថោកទាប។


ស្រឡាញ់មនុស្សម្នាក់ក៏សែនពិបាក

ចិត្តនេះកំសាកមិនហានសារភាព

គេស្អាតហើយឆ្លាតថែមទាំងមានទៀត

ខ្ញុំគ្មានអ្វីប្រៀបនឹងគេបានឡើយ។


ណ្ហើយចុះទ្រាំទៅទ្រាំតាមវាសនា

ថ្ងៃមួយជឿថានឹងបានធូរស្បើយ

មេឃគង់ស្រលះពេលភ្លៀងរួចហើយ

អស់ឱព្រះអើយ!នេះឬជីវិត?

ប៉ា

ពេលបាត់មនុស្សជាទីស្រឡាញ់
បេះដូងឃ្មួលខ្មាញ់រកថាមិនត្រូវ
សភាពគ្រាំគ្រាចុកចាប់ពេកកូវ
ជីវិតដូចនៅក្នុងព្យុះភ្លៀងផ្គរ។
ថ្ងៃមុនប៉ាសើចញញឹមក្អាកក្អាយ
ម្សិលមិញនិយាយឲ្យកូនត្រេកអរ
ថ្ងៃនេះប៉ាស្លាប់ស្លាប់ទាំងត្រដរ
រោគម្រេញរុំកមិនអាចជួយបាន។
បានត្រឹមសំលឹងកែវភ្នែកលោកប៉ា
ត្រកងបីស្មាសំអាតខ្លួនប្រាណ
វន្ទាបាតជើងឲ្យលោកសុខសាន្ត
ទឹកភ្នែកដិតដានជូនដំណើរប៉ា។
ប៉ាថ្ងូរប៉ាស្រែកកូនឈឺចាប់ក្រៃ
ចង់ជួយពេញដៃឲ្យប៉ាធូរស្រាល
តែជួយមិនបានព្រោះជាវាសនា
ហេតុអ្វីទេវតាលោកគ្មានប្រណី។
ប៉ាធ្វើតែល្អមួយជីវិតនេះ
មិនចេះភូតភរឆបោកស្រាស្រី
មានតែមេត្តាករុណាខន្តី
ព្រះអើយហេតុអ្វីប្រល័យសង្ខារ។
កូនពិតពិបាកនឹងអាចធ្វើចិត្ត
តែជាការពិតមិនអាចតវ៉ា
ជិតមួយឆ្នាំហើយកូនព្រាត់លោកប៉ា
ចិត្តកូនសោកានឹកប៉ាមិនភេ្លច។
កូនដឹងច្បាស់ប៉ាទៅសុខគតិភព
ទៅកាន់ភពស្ងប់សុខសាន្តជានិច្ច
ប៉ាធ្វើបុណ្យទានធម៌សីលមិនភ្លេច
ផលប៉ាសំរេចគឺឋាននិព្វាន។
ឲ្យតែបានលឺបានឃើញពាក្យប៉ា
ទប់ទឹកនេត្រាហូរចុះមិនទាន់
អារម្មណ៍បែបនេះមិនអាចស៊ាំបាន
លុះលង់ក្ស័យប្រាណក៏នៅតែចាំ។
កំណាព្យបទនេះតែងលាយទឹកភ្នែក
ទ្រូងតឹងស្ទើរបែកចិត្តធ្លុះធ្លាយស្រាំ
សូមឲ្យកំណាព្យកត់ពាក្យផ្តែផ្តាំ
សូមផ្ញើរបណ្តាំកូននឹកប៉ាណាស់។

ខក

ទៅរៀនខកម៉ោងគ្រូឱយចូលថ្នាក់

​​​បើគ្មានមិត្តភ័ក្ត្រ​អាចនៅរកបាន

អត់លុយថ្ងៃនេះស្អែកមានមិនខាន

ឈឺចុកចាប់ប្រាណគង់ជាប្រាកដ​ ។

ធ្វើការខកម៉ោងរំខានគេពិត

តែនៅមានសិទ្ធិសងម៉ោងគេគ្រប់

ចងការថ្ងៃនេះស្អែកសងបង្រ្គប់

មិនមានថ្ងៃចប់ដូច​ខក​ចិត្ត​ឡើយ​ ។​

ខកចិត្តខកស្នេហ៍ខកមួយជីវិត

កុំបាច់គេងគិតថាមានពេលស្បើយ​

ខកមកក្រោយគេច្បាស់ឈឺចាប់ហើយ

កុំសង្ឈឹមឡើយថាគេនៅចាំ ។

បើយើងទៅទាន់គេថាជ្រៀតជ្រែក

ថាយើងបំបែកស្នេហ៍គេប្រេះស្រាំ

តែបើនៅទ្រឹងស៊ូទ្រាំរង់ចាំ

ចិត្តយើងនឹងខ្ទាំស្លាប់មុនគេបែក ។